Search

Loading

Content

0 មតិ

ឥន្ទ្រិយ ៥

បញ្ចកៈ​ទី ១

ឥន្ទ្រិយ មាន ៥ យ៉ាង គឺ

១. ចក្ខុន្ទ្រិយ

២. សោតិន្ទ្រិយ

៣. ឃានិន្ទ្រិយ

៤. ជិវិ្ហន្ទ្រិយ

៥. កាយិន្ទ្រិយ

បញ្ចកៈ​ទី ២

ឥន្ទ្រិយ​ មាន ៥ យ៉ាងដទៃ​ទៀត គឺ

១. សុខិន្ទ្រិយ

២. ទុក្ខិន្ទ្រិយ

៣. សោមនស្សិន្ទ្រិយ

៤. ទោមនស្សិន្ទ្រិយ

៥. ឧបេក្ខន្ទ្រិយ

បញ្ចកៈ​ទី ៣

ឥន្ទ្រិយ​ មាន ៥ យ៉ាង​ដទៃ​ទៀត គឺ

១. សទ្ធិន្ទ្រិយ

២. វីរិយិន្ទ្រិយ

៣. សតិន្ទ្រិយ

៤. សមាធិន្ទ្រិយ

៥. បញ្ញិន្ទ្រិយ

អធិប្បាយ

    ក្នុង​បញ្ចកៈ​ទី ១ លោក​ពោល​ដល់​ឥន្ទ្រិយ​ដែល​ជា​លោកិយ​ប៉ុណ្ណោះ ។ ក្នុង​បញ្ចកៈ​ទី ២ ពោល​ដល់​បឋមជ្ឈាន ទុតិយជ្ឈាន និង​ចតុត្ថជ្ឈាន​ដែល​ជា​លោកិយ តតិយជ្ឈាន និង​បញ្ចមជ្ឈាន​ទាំង​ជា​លោកិយ ទាំង​ជា​លោកុត្តរ ។ ក្នុង​បញ្ចកៈ​ទី ៣ លោក​ពោល​ដល់​ឥន្ទ្រិយ​ដែល​ជា​លោកិយ និង​លោកុត្តរ ដោយ​អំណាចសមថៈ វិបស្សនា និង​មគ្គ ៕

អានបន្ត...
0 មតិ

ចំណង​របស់​ចិត្ត ៥

ចេតសោ វិនិពទ្ធា ចំណង​របស់​ចិត្ត មាន ៥ យ៉ាង គឺ

១. ឥធាវុសោ  ភិក្ខុ  កាមេសុ  អវិគតរាគោ  ហោតិ  អវិគតច្ឆន្ទោ  អវិគតប្បេមោ  អវិគតបិបាសោ  អវិគតបរិឡាហោ  អវិគតតណ្ហោ  ។  យោ  សោ  អាវុសោ  ភិក្ខុ  កាមេសុ  អវិគតរាគោ  ហោតិ  អវិគតច្ឆន្ទោ  អវិគតប្បេមោ  អវិគតបិបាសោ  អវិគតបរិឡាហោ  អវិគតតណ្ហោ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បឋមោ  ចេតសោ  វិនិពទ្ធោ ។

ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្រវល់​ក្រវាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​នៃ​ចិត្ត​ទី ១ របស់​ភិក្ខុ​នោះ ។

២. បុន  ចបរំ  អាវុសោ  ភិក្ខុ  កាយេ  អវីតរោគោ  ហោតិ  … ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​កាយ …

៣. រូបេ  អវីតរាគោ  ហោតិ … ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​រូប …

៤. បុន  ចបរំ  អាវុសោ  ភិក្ខុ  យាវទត្ថំ  ឧទរាវទេហកំ  ភុញ្ជិត្វា  សេយ្យសុខំ  បស្សសុខំ  មិទ្ធសុខំ  អនុយុត្តោ  វិហរតិ  ។

ម្នាល​អាវុសោ​ទាំង​ឡាយ ​មួយ​ទៀត ភិក្ខុ​បរិភោគ​ត្រា​តែ​ឆ្អែត​ពេញ​ពោះ ហើយ​ប្រកប​រឿយៗ នូវ​សេចក្ដី​សុខ​ក្នុង​ទី​ដេក នូវ​សេចក្ដី​សុខ ( ព្រោះ​ដេក​ប្រែ​ប្រួល​ខាង​ស្ដាំ​ខាង​ឆ្វេង ) នូវ​សេចក្ដី​សុខ ព្រោះ​ដេក​លង់​លក់ ។

៥. បុន  ចបរំ  អាវុសោ  ភិក្ខុ  អញ្ញតរំ  ទេវនិកាយំ  បណិធាយ  ព្រហ្មចរិយំ  ចរតិ  ឥមិនាហំ  សីលេន  វា  វតេន  វា  តបេន  វា  ព្រហ្មចរិយេន  វា  ទេវោ  វា  ភវិស្សាមិ  ទេវញ្ញតរោ  វាតិ  ។  យោ  សោ  អាវុសោ  ភិក្ខុ  អញ្ញតរំ  ទេវនិកាយំ  បណិធាយ  ព្រហ្មចរិយំ  ចរតិ  ឥមិនាហំ  សីលេន  វា  វតេន  វា  តបេន  វា  ព្រហ្មចរិយេន  វា  ទេវោ  វា  ភវិស្សាមិ  ទេវញ្ញតរោ  វាតិ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បញ្ចមោ  ចេតសោ  វិនិពទ្ធោ ។

ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ជាន់​ណាមួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​សេចក្ដី​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា ( មាន​ស័ក្ដិ​ធំ ) ឬ​ទេវតា ( មាន​ស័ក្ដិ​តូច ) ណា​មួយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ព្រោះ​ប្រាថ្នា​នូវ​​ពួក​ទេវតា​ណា​មួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា​ ( មាន​ស័ក្ដិ​ធំ ) ឬ​ទេវតា ( មាន​ស័ក្ដិ​តូច ) ណា​មួយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​របស់​ចិត្ត​ទី ៥ ។

( បិដក​លេខ ១៩ ទំព័រ ១៨៤-៨៦ )

អធិប្បាយ

    ពាក្យ​ថា ចេតសោ វិនិពន្ធា ( ចំណង​របស់​ចិត្ត ) សេចក្ដី​ថា ពួក​កិលេស​ដែល​ឈ្មោះ​ថា ជា​គ្រឿង​ចង​ចិត្ត​ទុក ព្រោះ​អត្ថ​ថា ចង​ចិត្ត​ទុក ដូច​ក្ដាប់​ទុក​ក្នុង​ដៃ ។

    ពាក្យ​ថា កាមេសុ ( ក្នុង​កាម​ទាំង​ឡាយ ) សេចក្ដី​ថា ទាំង​ក្នុង​វត្ថុកាម ទាំង​ក្នុង​កិលេសកាម ។ ពាក្យ​ថា កាយេ ( ក្នុង​កាយ ) បាន​ដល់ ករជកាយ​របស់​ខ្លួន ។ ពាក្យ​ថា រូបេ ( ក្នុង​រូប ) បាន​ដល់ រូប​ខាង​ក្រៅ ។ ពាក្យ​ថា យាវទត្ថំ ( តាម​សេចក្ដី​ត្រូវ​ការ ) សេចក្ដី​ថា តាម​តម្រូវ​ការ ។ ពាក្យ​ថា ឧទរាវទេហកំ ( ឆ្អែត​ ) សេចក្ដី​ថា ឆ្អែត​ពេញ​ពោះ ។ ពិត​ណាស់ ពោះ​នោះ​ លោក​ហៅ​ថា ឧទរាវទេហក ( ឆ្អែត ) ព្រោះ​ចិញ្ចឹម​រាង​កាយ ។ ពាក្យ​ថា សេយ្យសុខំ ( សេចក្ដី​សុខ​ក្នុង​ទី​ដេក ) សេចក្ដី​ថា មាន​សេចក្ដី​សុខ​ព្រោះ​គ្រែ និង​តាំង ។ ពាក្យ​ថា បស្សសុខំ ( សេចក្ដី​សុខ​ព្រោះ​ដេក​ប្រែ​ទៅ​ស្ដាំ​ទៅ​ឆ្វេង ) សេចក្ដី​ថា សម្រាប់​បុគ្គល​ដែល​ដេក​ប្រែ​តាម​សប្បាយ ដេក​ប្រែ​ទៅ​ស្ដាំ ឬ​ដេក​ប្រែ​ទៅ​ឆ្វេង ក៏​មាន​សេចក្ដី​សុខ​ សេចក្ដី​សុខ​កើត​ឡើង​ហើយ​យ៉ាង​នេះ ។ ពាក្យ​ថា មិទ្ធសុខំ ( សេចក្ដី​សុខ​ព្រោះ​ដេក​លង់​លក់ ) សេចក្ដី​ថា សុខ​កើត​អំពី​ការ​លង់​លក់ ។ ពាក្យ​ថា អនុយុត្តោ ( ប្រកប​រឿយៗ ) សេចក្ដី​ថា ប្រកប​វត្ថុ​ដ៏​សម​គួរ ។ ពាក្យ​ថា បណិធាយ ( ប្រាថ្នា ) សេចក្ដី​ថា តាំង​ទុក​ហើយ ។ ពាក្យ​ថា ព្រហ្មចរិយេន ( ដោយ​ព្រហ្មចរិយធម៌ ) សេចក្ដី​ថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ គឺ​វៀរ​ចាក​មេថុន ។ ពាក្យ​ថា ទេវោ​ វា ភវិស្សាមិ ( សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា ) សេចក្ដី​ថា អញ​នឹង​ជា​ទេវតា​មាន​ស័ក្ដិ​ធំ ។ ពាក្យ​ថា ទេវញ្ញតរោ វា ( ឬ​ជា​ទេវតា ណាមួយ ) សេចក្ដី​ថា ឬ​ជា​ទេវតា​ណា​មួយ ក្នុង​ទេវតា​ដែល​មាន​ស័ក្ដិ​តូច ៕

អានបន្ត...
0 មតិ

ចេតោខីលៈ សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត ៥

   ចេតោខីលៈ សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត មាន ៥ យ៉ាង គឺ

១. ឥធាវុសោ  ភិក្ខុ  សត្ថរិ  កង្ខតិ  វិចិកិច្ឆតិ  នាធិមុច្ចតិ  ន  សម្បសីទតិ ។ យោ  សោ  អាវុសោ  ភិក្ខុ  សត្ថរិ  កង្ខតិ  វិចិកិច្ឆតិ  នាធិមុច្ឆតិ  ន  សម្បសីទតិ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បឋមោ  ចេតោខីលោ  ។

ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ សង្ស័យ ងឿង​ឆ្ងល់ មិន​ចុះ​ចិត្ត​ស៊ប់ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះ​​សាស្ដា ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា សង្ស័យ ងឿង​ឆ្ងល់ មិន​ចុះ​ចិត្ត​ស៊ប់ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាស្ដា ចិត្ត​របស់​ភិក្ខុ​នោះ​ មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ១ របស់​ភិក្ខុ​នោះ ។

២. បុន  ចបរំ  អាវុសោ  ភិក្ខុ  ធម្មេ  កង្ខតិ  ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​សង្ស័យ ក្នុង​ព្រះ​ធម៌

៣. សង្ឃេ  កង្ខតិ​   ភិក្ខុ​សង្ស័យ​ ក្នុង​ព្រះ​សង្ឃ

៤. សិក្ខាយ  កង្ខតិ  វិចិកិច្ឆតិ  សង្ស័យ ងឿង​ឆ្ងល់ ក្នុង​សិក្ខា

៥. សព្រហ្មចារីសុ  កុបិតោ  ហោតិ  អនត្តមនោ  អាហតចិត្តោ  ខីលជាតោ  ។  យោ  សោ  អាវុសោ  ភិក្ខុ  សព្រហ្មចារីសុ  កុបិតោ  ហោតិ  អនត្តមនោ  អាហតចិត្តោ  ខីលជាតោ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ សាតច្ចាយ  បធានាយ  អយំ បញ្ចមោ ចេតោខីលោ ។

ភិក្ខុ​ក្រោធ អាក់​អន់​ចិត្ត មាន​ចិត្ត​ត្រូវ​ទោសៈ​ខ្ទាំង​ខ្ទប់ មាន​ចិត្ត​រឹង​ត្អឹង​ក្នុង​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ជា​បុគ្គល​ក្រោធ អាក់​អន់​ចិត្ត មាន​ចិត្ត​ត្រូវ​ទោសៈ​ខ្ទាំង​ខ្ទប់ មាន​ចិត្ត​រឹង​ត្អឹង ក្នុង​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ៥ របស់​ភិក្ខុ​នោះ ។

( បិដក​លេខ ១៩ ទំព័រ ១៨២-៨៤ )

អធិប្បាយ

    ពាក្យ​ថា ចេតោខីលា ( សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត ) សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​ដែល​រឹង​ត្អឹង ។ ពាក្យ​ថា សត្ថរិ កង្ខតិ ( សង្ស័យ​ក្នុង​ព្រះ​សាស្ដា ) សេចក្ដី​ថា រមែង​សង្ស័យ​ក្នុង​ព្រះ​សរីរៈ ឬ​ក្នុង​ព្រះ​គុណ​របស់​ព្រះ​សាស្ដា ។ កាល​សង្ស័យ​ក្នុង​ព្រះ​សរីរៈ រមែង​សង្ស័យ​ថា “​ដែល​ឈ្មោះ​ថា សរីរៈ​ដែល​ប្រកប​ដោយ​មហាបុរិសលក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ មាន​ឬ​ទេហ្ន៎?” សង្ស័យ​ក្នុង​ព្រះ​គុណ រមែង​សង្ស័យ​ថា “សព្វញ្ញុតញ្ញាណ​ដែល​អាច​ដឹង​អតីត អនាគត និង​បច្ចុប្បន្ន មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា អាតប្បាយ ( ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ) សេចក្ដី​ថា ដើម្បី​បំពេញ​សេចក្ដី​ព្យាយាម ។ ពាក្យ​ថា អនុយោគាយ ( ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ) សេចក្ដី​ថា ដោយ​ការ​ប្រកប​រឿយៗ ។ ពាក្យ​ថា សាតច្ចាយ ( ដើម្បី​ព្យាយាម​ជាប់​តទៅ ) សេចក្ដី​ថា ដោយ​ធ្វើ​ជាប់​មិន​ដាច់ ។ ពាក្យ​ថា បធានាយ ( ដើម្បី​ព្យាយាម ) សេចក្ដី​ថា ដើម្បី​ការ​តាំង​ទុក ។ ពាក្យ​ថា អយំ បឋមោ ចេតោខីលោ ( នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ១ ) នេះ សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​រឹង​ត្អឹង ពោល​គឺ​សេចក្ដី​សង្ស័យ ក្នុង​ព្រះ​សាស្ដា នេះ​ជា​ខ​ដំបូង ។

   ពាក្យ​ថា ធម្មេ ( ក្នុង​ព្រះ​ធម៌ ) សេចក្ដី​ថា ក្នុង​បរិយត្តិធម៌ និង​បដិវេធធម៌ ។ បុគ្គល​កាល​សង្ស័យ​ក្នុង​បរិយត្តិធម៌ រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ នាំ​គ្នា​និយាយ​ថា ព្រះ​ពុទ្ធវចនៈ​គឺ​ព្រះ​ត្រៃ​បិដក មាន ៨៤,០០០ ព្រះ​ធម្មក្ខន្ធ ព្រះ​ពុទ្ធវចនៈ​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ កាល​សង្ស័យ​ក្នុង​បដិវេធធម៌ រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ​ នាំ​គ្នា​និយាយ​ថា ផល​របស់​វិបស្សនា ឈ្មោះ​ថា មគ្គ ផល​របស់​មគ្គ ឈ្មោះ​ថា ផល ការ​លះ​សង្ខារ​ទាំង​ពួង​បាន ឈ្មោះ​ថា និព្វាន និព្វាន​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា សង្ឃេ កង្ខតិ ( រមែង​សង្ស័យ​ក្នុង​ព្រះ​សង្ឃ ) សេចក្ដី​ថា រមែង​សង្ស័យ​ថា “ប្រជុំ​នៃ​បុគ្គល​អ្នក​បដិបត្តិ​បដិបទា​យ៉ាង​នេះ ដោយ​អំណាច​នៃ​បទ​ជា​ដើម​ថា ឧជុបដិបន្នោ មាន ៨ ពួក គឺ ភិក្ខុ​តាំង​នៅ​ក្នុង​មគ្គ ៤ ភិក្ខុ​តាំង​នៅ​ក្នុង​ផល ៤ ឈ្មោះ​ថា ព្រះ​សង្ឃ ៗ នោះ មាន​ឬ​ទេ​ហ្ន៎?” ។ កាល​សង្ស័យ​ក្នុង​សិក្ខា រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ​ នាំ​គ្នា​និយាយ​ថា ឈ្មោះ​ថា អធិសីលសិក្ខា ឈ្មោះ​ថា អធិចិត្តសិក្ខា ឈ្មោះ​ថា អធិប្បញ្ញាសិក្ខា សិក្ខា​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា អយំ បញ្ចមោ ( នេះ​ជា​ខ​ទី ៥ ) នេះ សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​រឹង​ត្អឹង ភាវៈ​នៃ​ចិត្ត​ដូច​ជា​គំនរ​សំរាម ភាវៈ​នៃ​ចិត្ត​ដូច​ជា​ដង្គត់ ពោល​គឺ​សេចក្ដី​ក្រោធ​ខឹង​ក្នុង​ព្រហ្មចារី​ទាំង​ឡាយ នេះ​ជា​ខ​ទី ៥ ៕

អានបន្ត...
0 មតិ

អនាគាមិបុគ្គល ៥ ពួក

អនាគាមិបុគ្គល ៥ ពួក គឺ

១. អន្តរាបរិនិព្វាយី     លោក​ដែល​បរិនិព្វាន​ក្នុង​ពាក់​កណ្ដាល​អាយុ

២. ឧបហច្ចបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​​កន្លង​ហួស​ពាក់​កណ្ដាល​អាយុ

៣. អសង្ខារបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​មិន​មាន​សេចក្ដី​ព្យាយាម​

៤. សសង្ខារបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង

៥. ឧទ្ធំសោតោ អកនិដ្ឋគាមី លោក​ដែល​មាន​ខ្សែ​ខាង​លើ​ហើយ​ទៅ​កាន់​អកនិដ្ឋភព

( បិដក​លេខ ១៩ ទំព័រ ១៨២ )

អធិប្បាយ

    ព្រះ​អនាគាមី នៅ​មិន​ទាន់​កន្លង​ពាក់​កណ្ដាល​អាយុ ហើយ​ដល់​​នូវ​ព្រះ​អរហត្ត​ ជា​ទី​រំលត់​នូវ​កិលេស​ក្នុង​ពាក់​កណ្ដាល​អាយុ ឈ្មោះ​ថា អន្តរាបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ក្នុង​ពាក់​កណ្ដាល​អាយុ ) ។ ព្រះ​អនាគាមី ដែល​កន្លង​ពាក់​កណ្ដាល​អាយុ​ហើយ ដល់​នូវ​ព្រះ​អរហត្ត​ ជាទី​រំលត់​នូវ​កិលេស ឈ្មោះ​ថា ឧបហច្ចបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​​កន្លង​ហួស​ពាក់​កណ្ដាល​អាយុ ) ។ ព្រះ​អនាគាមី​ដែល​មិន​លំបាក​ព្រោះ​មិន​បាច់​ប្រកប​សេចក្ដី​ព្យាយាម ដោយ​មិន​មាន​សង្ខារ ( គ្រឿង​ឧបត្ថម្ភ​ជ្រោម​ជ្រែង ) ដល់​នូវ​ព្រះ​អរហត្ត​បាន​ដោយ​ងាយ ឈ្មោះ​ថា អសង្ខារបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​មិន​មាន​សេចក្ដី​ព្យាយាម​ ) ។ ព្រះ​អនាគាមី​ដែល​លំបាក ព្រោះ​ត្រូវ​ប្រកប​សេចក្ដី​ព្យាយាម ព្រម​ទាំង​សង្ខារ ដល់​​នូវ​ព្រះ​អរហត្ត​បាន​ដោយ​លំបាក ឈ្មោះ​ថា សសង្ខារបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង ) ។ ព្រះ​អនាគាមី ទាំង ៤ ពួក​នេះ មិន​បាន​នៅ​ក្នុង​សុទ្ធាវាសទាំង ៥ ជាន់​ទេ ។ បណ្ឌិត​គប្បី​ជ្រាប​ពួក ៤ ក្នុង​ខ​ថា ឧទ្ធំសោតោ អកនិដ្ឋគាមី នេះ​ដូច​តទៅ ៖

    ក៏​ព្រះ​អនាគាមី​ណា ធ្វើ​ចិត្ត​ឱ្យ​បរិសុទ្ធ​ ( ចាក​កិលេស ) ក្នុង​ទេវលោក​ទាំង ៤ ជាន់ តាំង​ពី​ជាន់​អវិហា​ទៅ ៗ កាន់​អកនិដ្ឋភព​ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មាន​ខ្សែ​ខាង​លើ​ ហើយ​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា ចាក​ជាន់​អវិហា​ហើយ​ទៅ​កើត​ក្នុង​ទេវលោក​ជាន់​ទី ២ ទី ៣ ឬ​ទី ៤ ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មាន​ខ្សែ​ខាង​លើ មិន​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា ចាក​កាមភព ហើយ​កើត​ក្នុង​អកនិដ្ឋភព​តែ​ម្ដង​ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មិន​មាន​ខ្សែ​ខាង​លើ ហើយ​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា កើត​ក្នុង​ទេវលោក​ទាំង ៤ ជាន់​ខាង​ក្រោម ហើយ​បរិនិព្វាន​ក្នុង​ទេវលោក​ទាំង ៤ ជាន់​នុ៎ះ​ឯង ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មិន​មាន​ខ្សែ​ខាង​លើ ហើយ​មិន​ទៅ​កាន់​អកនិដ្ឋភព ៕​

អានបន្ត...
0 មតិ

សុទ្ធាវាស ទី​នៅ​របស់​សត្វ​ដ៏​បរិសុទ្ធ ៥

   សុទ្ធាវាស ទី​នៅ​របស់​សត្វ​ដ៏​បរិសុទ្ធ មាន ៥ គឺ

១. អវិហៈ

២. អតប្បៈ

៣. សុទស្សៈ

៤. សុទស្សី

៥. អកនិដ្ឋ

( បិដក​លេខ ១៩ ទំព័រ ១៨១ )

អធិប្បាយ

   ពាក្យ​ថា សុទ្ធាវាស សេចក្ដី​ថា ពួក​ព្រហ្ម​ជាន់​សុទ្ធាវាស នៅ​ហើយ កំពុង​នៅ ឬ​នឹង​នៅ​ក្នុង​ទី​នេះ ព្រោះ​ហេតុ​នោះ ទី​នោះ ទើប​ឈ្មោះ​ថា សុទ្ធាវាស​ ។ ពាក្យ​ថា សុទ្ធា បាន​ដល់ ព្រះ​អនាគាមី និង​ព្រះ​ខីណាស្រព​ដែល​ប្រាស​ចាក​មន្ទិល​ គឺកិលេស​ ។ ពាក្យ​ណា ដែល​គប្បី​ពោល​ក្នុង​ពាក្យ​ថា អវិហា ជា​ដើម លោក​ពោល​ទុក​ហើយ​ក្នុង​មហាបទានសូត្រនុ៎ះ​ឯង ៕

អានបន្ត...
0 មតិ

បធានិយង្គ អង្គ​នៃ​ភិក្ខុ​ដែល​មាន​សេចក្ដី​ព្យាយាម ៥

   បធានិយង្គ អង្គ​នៃ​ភិក្ខុ​ដែល​មាន​សេចក្ដី​ព្យាយាម មាន ៥ យ៉ាង

១. ឥធាវុសោ  ភិក្ខុ  សទ្ធោ  ហោតិ  សទ្ទហតិ  តថាគតស្ស  ពោធឹ  ឥតិបិ  សោ  ភគវា  អរហំ  សម្មាសម្ពុទ្ធោ  វិជ្ជាចរណសម្បន្នោ  សុគតោ  លោកវិទូ  អនុត្តរោ  បុរិសទម្មសារថិ  សត្ថាទេវមនុស្សានំ  ពុទ្ធោ  ភគវាតិ

ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សទ្ធា ជឿ​សេចក្ដី​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ថា ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ ទ្រង់​ឆ្ងាយ​ចាក​កិលេស​ហើយ ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ចំពោះ​ព្រះ​អង្គ​ឯង ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ រក​បុគ្គល​ណា​ស្មើ​គ្មាន​ ទ្រង់​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន ទ្រង់​ជា​គ្រូ​របស់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ព្រះ​អង្គ​លែង​មក​កាន់​ភព​ថ្មី​ទៀត ដោយ​ហេតុ​នេះៗ

២. អប្បាពាធោ  ហោតិ  អប្បាតង្កោ  សមវេបាកិនិយោ  គហណិយា  សមន្នាគតោ  នាតិសីតាយ  នាច្ចុណ្ហាយ  មជ្ឈិមាយ  បធានក្ខមាយ  ជា​អ្នក​មិន​មាន​អាពាធ មិន​មាន​សេចក្ដី​ទុក្ខ ប្រកប​ដោយ​តេជោធាតុ ចាស់​ល្មម​ មិន​ត្រជាក់​ពេក មិន​ក្ដៅ​ពេក យ៉ាង​កណ្ដាល គួរ​ដល់​សេចក្ដី​ព្យាយាម

៣. អសឋោ  ហោតិ  អមាយាវី  យថាភូតំ  អត្តានំ  អាវិកតា  សត្ថរិ  វា  វិញ្ញូសុ  វា  សព្រហ្មចារីសុ  មិន​មែន​ជា​អ្នក​លេង​បោក​ប្រាស មិន​មាន​មាយា ជា​អ្នក​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ខ្លួន​គួរ​តាម​ពិត ក្នុង​សំណាក់​ព្រះ​សាស្ដា​ ឬ​ក្នុង​សំណាក់​សព្រហ្មចារី​ទាំង​ឡាយ ដែល​ជា​អ្នក​ចេះ​ដឹង

៤. អារទ្ធវីរិយោ  វិហរតិ  អកុសលានំ  ធម្មានំ  បហានាយ  កុសលានំ  ធម្មានំ  ឧបសម្បទាយ  ថាមវា  ទឡ្ហបរក្កមោ  អនិក្ខិត្តធុរោ  កុសលេសុ  ធម្មេសុ  ជា​បុគ្គល​ប្រារព្ធ​ព្យាយាម ដើម្បី​លះ​បង់​នូវ​ធម៌​ជា​អកុសល ដើម្បី​ញ៉ាំង​កុសលធម៌​ឱ្យ​ដុះ​ដាល​ឡើង ជា​បុគ្គល​មាន​កម្លាំង​ចិត្ត មាន​សេចក្ដី​សង្វាត​ដ៏​មាំ មិន​ដាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំង​ឡាយ

៥. បញ្ញវា  ហោតិ  ឧទយត្ថគាមិនិយា  បញ្ញាយ  សមន្នាគតោ  អរិយាយ  និព្វេធិកាយ  សម្មាទុក្ខក្ខយគាមិនិយា  ជា​អ្នក​មាន​ប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា​ដែល​អាច​នឹង​កំណត់​នូវ​សេចក្ដី​កើត​ និង​សេចក្ដី​រលត់​បាន ជា​បញ្ញា​ដ៏​បរិសុទ្ធ ជា​បញ្ញា​អាច​ទម្លុះ​ទម្លាយ​នូវ​គំនរ​នៃ​លោភៈ​ជា​ដើម ជា​បញ្ញា​ញ៉ាំង​សត្វ​ឱ្យ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ

( បិដក​លេខ ១៩ ទំព័រ ១៨០-៨១ )

អធិប្បាយ

    ពាក្យ​ថា បធានិយង្គ ( អង្គ​នៃ​ភិក្ខុ​ដែល​មាន​សេចក្ដី​ព្យាយាម ) សេចក្ដី​ថា ភាព​ជា​ទី​តាំង លោក​ហៅ​ថា បធាន ( សេចក្ដី​ព្យាយាម ) ។ បធាន របស់​បុគ្គល​នោះ​មាន ហេតុ​​នោះ បុគ្គល​នោះ​ឈ្មោះ​ថា បធានិយ ។ អង្គ​នៃ​ភិក្ខុ​ដែល​មាន​បធាន ( សេចក្ដី​ព្យាយាម ) ឈ្មោះ​ថា បធានិយង្គ ( អង្គ​នៃ​ភិក្ខុ​ដែល​មាន​សេចក្ដី​ព្យាយាម ) ។ ពាក្យ​ថា សទ្ធោ ( ជា​អ្នក​មាន​សទ្ធា ) សេចក្ដី​ថា ប្រកប​ដោយ​សទ្ធា ។ ក៏​សទ្ធា​មាន ៤ យ៉ាង គឺ អាគមនសទ្ធា ១ អធិគមនសទ្ធា ១ ឱកប្បនសទ្ធា ១ បសាទសទ្ធា ១ ។ បណ្ដា​សទ្ធា​ទាំង ៤ យ៉ាង​នោះ ការ​ជឿ​របស់​ព្រះ​ពោធិសត្វ​ដែល​ប្រាថ្នា​ជា​ព្រះ​សព្វញ្ញូ ឈ្មោះ​ថា អាគមនសទ្ធា ( ការ​ជឿ​យ៉ាង​ជាក់​លាក់ ) ព្រោះ​មាន​មក​ហើយ​ចាប់​តាំង​ពី​ផ្ដើម​សេចក្ដី​ប្រាថ្នា ។ ការ​ជឿ​របស់​ព្រះ​អរិយសាវក​ទាំង​ឡាយ ឈ្មោះ​ថា អធិគមនសទ្ធា ( ការ​ជឿ​ព្រោះ​បាន​សម្រេច​ធម៌ ) ព្រោះ​សម្រេច​ធម៌​ហើយ​ដោយ​ការ​ចាក់​ធ្លុះ ។ កាល​មាន​មនុស្ស​ពោល​ថា ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ដាក់​ចិត្ត​ជឿ​ដោយ​មិន​ញាប់​ញ័រ ឈ្មោះ​ថា ឱកប្បនសទ្ធា ( ការ​ជឿ​ដ៏​ពិត​ប្រាកដ ) ។ ការ​កើត​ឡើង​នៃ​សេចក្ដី​ជ្រះ​ថ្លា ឈ្មោះ​ថា បសាទសទ្ធា ( ការ​ជឿ​ព្រោះ​សេចក្ដី​ជ្រះ​ថ្លា ) ។ ក្នុង​ទី​នេះ លោក​ប្រាថ្នា​យក​ការ​ជឿ​ដ៏​ពិត​ប្រាកដ ( ឱកប្បនសទ្ធា ) ។

   ពាក្យ​ថា ពោធឹ ( សេចក្ដី​ត្រាស់​ដឹង ) បាន​ដល់ ញាណ​ក្នុង​មគ្គ​ទី ៤ ។ ភិក្ខុ​ជឿ​ថា ព្រះ​តថាគត​ត្រាស់​ដឹង​ញាណ​ក្នុង​មគ្គ​ទី ៤ នោះ​យ៉ាង​ពិត​ប្រាកដ ។ ក៏​ពាក្យ​នេះ​ត្រឹម​តែ​ជា​ជ្រុង​មួយ​នៃ​ទេសនា​ប៉ុណ្ណោះ ។ ព្រោះ​ដោយ​អង្គ​នេះ លោក​សំដៅ​ដល់​ការ​ជឿ​ក្នុង​រតនៈ​ទាំង ៣ នុ៎ះ​ឯង ពិត​ណាស់ សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ព្រះ​រតនត្រ័យ​ មាន​ព្រះ​ពុទ្ធ​ជា​ដើម របស់​បុគ្គល​ណា ជា​សទ្ធា​មាន​កម្លាំង សេចក្ដី​ព្យាយាម​ដែល​តាំង​ទុក​របស់​បុគ្គល​នោះ រមែង​សម្រេច​បាន ។ ពាក្យ​ថា អប្បាពាធោ ( មិន​មាន​អាពាធ ) ប្រែ​ថា មិន​មាន​រោគ ។ ពាក្យ​ថា អប្បាតង្កោ ( មិន​មាន​សេចក្ដី​ទុក្ខ ) ប្រែ​ថា អស់​ទុក្ខ ។ ពាក្យ​ថា សមវេបាកិនិយា ប្រែ​ថា មាន​ផល​ចាស់​ល្មម ។ ពាក្យ​ថា គហណិយា ( ប្រកប​ដោយ​តេជោធាតុ ) បាន​ដល់ តេជោធាតុ​ដែល​កើត​អំពី​កម្ម ។ ពាក្យ​ថា នាតិសីតាយ នាច្ចុណ្ហាយ ( មិន​ត្រជាក់​ពេក មិន​ក្ដៅ​ពេក ) សេចក្ដី​ថា ក៏​បុគ្គល​ដែល​មាន​ទឹក​សម្រាប់​រំលាយ​អាហារ​ចេញ​មក​ត្រជាក់​ពេក រមែង​ខ្លាច​ចំពោះ​ត្រជាក់ បុគ្គល​ដែល​មាន​ទឹក​សម្រាប់​រំលាយ​អាហារ​ចេញ​មក​ក្ដៅ​ពេក រមែង​ខ្លាច​ចំពោះ​កម្ដៅ ។ សេចក្ដី​ព្យាយាម​រមែង​មិន​សម្រេច​ដល់​ពួក​គេ ។ សម្រាប់​បុគ្គល​ដែល​មាន​ទឹក​សម្រាប់​រំលាយ​អាហារ​ចាស់​ល្មម ( សេចក្ដី​ព្យាយាម ) ទើប​សម្រេច​បាន ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “ចាស់​ល្មម ទើប​សម​គួរ​ដល់​សេចក្ដី​ព្យាយាម” ។ ពាក្យ​ថា យថាភូតំ អត្តានំ អាវិកត្តា ( ជា​អ្នក​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ខ្លួន​គួរ​តាម​ពិត ) សេចក្ដី​ថា ប្រកាស​ទោស​របស់​ខ្លួន​តាម​ពិត ។ ពាក្យ​ថា ឧទយត្ថគាមិនិយា ( កំណត់​នូវ​សេចក្ដី​កើត និង​សេចក្ដី​រលត់​បាន ) សេចក្ដី​ថា អាច​នឹង​ដឹង គឺ​អាច​កំណត់​នូវ​សេចក្ដី​កើត និង​សេចក្ដី​រលត់ ។ ដោយ​ពាក្យ​នេះ លោក​ពោល​ដល់​ឧទយព្វយញ្ញាណ​ដែល​កំណត់​យក​លក្ខណៈ ៥០ ប្រការ ។ ពាក្យ​ថា អរិយាយ សេចក្ដី​ថា ដ៏​បរិសុទ្ធ ។ ពាក្យ​ថា និព្វេធិកាយ ( អាច​ទម្លុះ​ទម្លាយ ) សេចក្ដី​ថា អាច​ដើម្បី​ចាក់​ធ្លុះ​ខន្ធ​មាន​សេចក្ដី​លោភ ជា​ដើម ដែល​មិន​ធ្លាប់​បាន​ដឹង​មក​ពី​មុន ។ ពាក្យ​ថា សម្មាទុក្ខក្ខយគាមិនិយា ( ជា​បញ្ញា​ញ៉ាំង​សត្វ​ឱ្យ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ) សេចក្ដី​ថា ទុក្ខ​ទាំង​អស់ នឹង​អស់​ទៅ​បាន ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទៅ​នៃ​សេចក្ដី​ទុក្ខ​នោះៗ ព្រោះ​លះ​កិលេស​បាន​ដោយ​អំណាច​អង្គ​នោះៗ ។ ដោយ​បទ​ទាំង​នេះ​គ្រប់​បទ​ដែល​ពោល​មក​ សំដៅ​ដល់ វិបស្សនាបញ្ញា​នុ៎ះ​ឯង ព្រោះ​សេចក្ដី​ព្យាយាម​មិន​សម្រេច​ដល់​មនុស្ស​ដែល​មាន​បញ្ញា​អន់​ថយឡើយ ៕

អានបន្ត...
0 មតិ

អង្គ​នៃ​ភិក្ខុ​អ្នក​ចោទ ៥

  ភិក្ខុ​អ្នក​ចោទ​មាន​ប្រាថ្នានឹង​ចោទ​ភិក្ខុ​ដទៃ ត្រូវ​តម្កល់​ធម៌ ៥ យ៉ាង​ទុក​ក្នុង​ខ្លួន​ហើយ​សឹម​ចោទ​ភិក្ខុ​ដទៃ ដោយ​គិត​ថា

១. កាលេន វក្ខាមិ នោ អកាលេន  អាត្មា​អញ​​នឹង​និយាយ​ក្នុង​កាល​គួរ មិន​និយាយ​ក្នុង​កាល​មិន​គួរ

២. ភូតេន វក្ខាមិ នោ អភូតេន   អាត្មា​អញ​និយាយ​ដោយ​ពាក្យ​ពិត មិន​និយាយ​ដោយ​ពាក្យ​មិន​ពិត

៣. សណ្ហេន វក្ខាមិ នោ ផរុសេន  អាត្មា​អញ​និយាយ​ដោយ​ពាក្យ​ផ្អែម​ល្ហែម មិន​និយាយ​ដោយ​ពាក្យ​ទ្រគោះ

៤. អត្ថសញ្ហិតេន វក្ខាមិ នោ អនត្ថសញ្ហិតេន អាត្មា​អញ​និយាយ ដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ មិន​និយាយ ដោយ​ពាក្យ​មិន​ប្រកប​ដោយ​ប្រយោជន៍

៥. មេត្តចិត្តេន វក្ខាមិ នោ ទោសន្តរេន អាត្មា​អញ​និយាយ​ដោយ​ចិត្ត​ប្រកប​ដោយ​មេត្តា មិន​និយាយ​ដោយ​ចិត្ត​ប្រកប​ដោយ​ទោសៈ

( បិដក​លេខ ១៩ ទំព័រ ១៧៩-៨០ )

អធិប្បាយ

    ពាក្យ​ថា ចោទ សេចក្ដី​ថា ចោទ​ដោយ​រឿង​សម្រាប់​ចោទ ៤ យ៉ាង គឺ វត្ថុសំសន្ទស្សនា ការ​ប្រៀប​ធៀប​រឿង​រ៉ាវ, អាបត្តិសំសន្ទស្សនា ការ​ប្រៀប​ធៀប​អាបត្តិ, សំវាសប្បដិក្ខេប ការ​ហាម​ការ​នៅ​រួម, សាមីចិប្បដិក្ខេប ការ​ហាម​សាមីចិកម្ម ។ ក្នុង​ខ​ថា កាលេន វក្ខាមិ នោ អកាលេន ( អាត្មា​អញ​នឹង​និយាយ​ក្នុង​កាលគួរ មិន​និយាយ​ក្នុង​កាល​មិន​គួរ ) សេចក្ដី​ថា សម្រាប់​ចុង​ចោទ​ត្រូវ​ប្រាប់​ពេល​វេលា​សិន សម្រាប់​ដើម​ចោទ​មិន​ចាំ​បាច់ ។ ពិត​ណាស់ ភិក្ខុ​កាល​នឹង​ចោទ​អ្នក​ដទៃ​មិន​គប្បី​ចោទ​កណ្ដាល​បរិស័ទ ក្នុង​រោង​ឧបោសថ ក្នុង​រោង​បវារណា ឬ​ក្នុង​រោង​ឆាន់ រោង​បុណ្យ ជា​ដើម ។ ( គប្បី​ចោទ ) ក្នុង​ទី​ដែល​លោក​អង្គុយ​សម្រាក​វេលា​ថ្ងៃ គួរ​សុំ​ឱកាស​ជា​មុន​សិន សឹម​ចោទ​ឡើង​យ៉ាង​នេះ​ថា “ម្នាល​លោក​ដ៏​មាន​អាយុ សូម​លោក​ឱ្យ​ឱកាស ខ្ញុំ​កូណា​ចង់​និយាយ​នឹង​លោក” ។ មិន​ចាំ​បាច់​យល់​ដល់​បុគ្គល បុគ្គល​ណា​ជា​មនុស្ស​ឡេះ​ឡោះ និយាយ​កុហក បង្ក​សេចក្ដី​វិនាស​ដល់​ពួក​ភិក្ខុ​ បុគ្គល​នោះ​មិន​ចាំ​បាច់​សុំ​ឱកាស​ក៏​អាច​ចោទ​បាន ។ ពាក្យ​ថា ភូតេន ( ដោយ​ពាក្យ​ពិត ) សេចក្ដី​ថា តាម​ការ​ពិត ។ ពាក្យ​ថា សណ្ហេន ( ដោយ​ពាក្យ​ផ្អែម​ល្ហែម ) សេចក្ដី​ថា ដោយ​ពាក្យ​ពីរោះ ទន់​ភ្លន់ ។ ពាក្យ​ថា អត្ថសញ្ហិតេន ( ដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ ) សេចក្ដី​ថា ដោយ​ការ​ចូល​ដល់​ដោយ​ភាព​ជា​អ្នក​ប្រាថ្នា​ប្រយោជន៍​ ភាព​ជា​អ្នក​ប្រាថ្នា​សេចក្ដី​ចម្រើន ៕

អានបន្ត...
0 មតិ

អានិសង្ស​នៃ​សីលសម្បទា ៥

   អានិសង្ស​នៃ​សីលសម្បទា មាន ៥ យ៉ាង

១. សីលវា  សីលសម្បន្នោ  អប្បមាទាធិករណំ  មហន្តំ  ភោគក្ខន្ធំ  អធិគច្ឆតិ  បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល រមែង​បាន​នូវ​គំនរ​ទ្រព្យ​ច្រើន មាន​សេចក្ដី​មិន​ប្រមាទ​ជា​ហេតុ

២. សីលវតោ  សីលសម្បន្នស្ស  កល្យាណោ  កិត្តិសទ្ទោ  អព្ភុគ្គច្ឆតិ  កិត្តិសព្ទ​ដ៏​ពីរោះ​របស់​បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល តែង​ផ្សាយ​ទៅ​សព្វ​ទិស

៣. សីលវា  សីលសម្បន្នោ  យំ  យទេវ  បរិសំ  ឧបសង្កមតិ  យទិ  ខត្តិយបរិសំ  យទិ  ព្រាហ្មណបរិសំ  យទិ  គហបតិបរិសំ  យទិ ​សមណបរិសំ  វិសារទោ  ឧបសង្កមតិ  អមង្កុភូតោ  បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល​ ចូល​ទៅ​រក​បរិស័ទ​ណាៗ ទោះ​បី​ជា​ខត្តិយបរិស័ទ​ក្ដី ព្រាហ្មណបរិស័ទ​ក្ដី គហបតិបរិស័ទ​ក្ដី សមណបរិស័ទ​ក្ដី រមែង​ក្លៀវ​ក្លា មិន​មាន​មុខ​ឱន​ចុះ

៤. សីលវា  សីលសម្បន្នោ  អសម្មូឡ្ហោ  កាលំ  ករោតិ  បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល រមែង​មិន​វង្វេង ធ្វើ​មរណកាល

៥. សីលវា  សីលសម្បន្នោ  កាយស្ស  ភេទា  បរំ  មរណា  សុគតឹ  សគ្គំ  លោកំ  ឧបបជ្ជតិ  បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ តែង​បាន​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក

( បិដក​លេខ ១៩ ទំព័រ ១៧៨-៧៩ )

អានបន្ត...
0 មតិ

ទោស​នៃ​សីលវិបត្តិ​របស់​បុគ្គល​ទ្រុស្ដ​សីល ៥

   ទោស​នៃ​សីលវិបត្តិ​របស់​បុគ្គល​ទ្រុស្ដ​សីល មាន ៥ យ៉ាង

១. ទុស្សីលោ  សីលវិបន្នោ  បមាទាធិករណំ  មហតឹ  ភោគជានឹ  និគច្ឆតិ  បុគ្គល​ទ្រុស្ដ​សីល វិបត្តិ​ចាក​សីល​នេះ តែង​ដល់​នូវ​សេចក្ដី​វិនាស​នៃ​សម្បត្តិ​យ៉ាង​ធំ មាន​សេចក្ដី​ប្រមាទ​ជា​ហេតុ​

២. ទុស្សីលស្ស  សីលវិបន្នស្ស  បាបកោ  កិត្តិសទ្ទោ  អព្ភុគ្គច្ឆតិ  កិត្តិសព្ទ​អាក្រក់​របស់​បុគ្គល​ទ្រុស្ដ​សីល វិបត្តិ​ចាក​សីល រមែង​ផ្សាយ​ទៅ​សព្វ​ទិស

៣. ទុស្សីលោ  សីលវិបន្នោ  យំ  យទេវ  បរិសំ  ឧបសង្កមតិ  យទិ  ខត្តិយបរិសំ  យទិ  ព្រាហ្មណបរិសំ  យទិ  គហបតិបរិសំ  យទិ  សមណបរិសំ  អវិសារទោ  ឧបសង្កមតិ  មង្កុភូតោ  បុគ្គល​ទ្រុស្ដ​សីល វិបត្តិ​ចាក​សីល ចូល​ទៅ​រក​បរិស័ទ​ណាៗ ទោះ​ខត្តិយបរិស័ទ​ក្ដី ព្រាហ្មណបរិស័ទ​ក្ដី គហបតិបរិស័ទ​ក្ដី សមណបរិស័ទ​ក្ដី រមែង​មិន​ក្លៀវ​ក្លា​ មាន​មុខ​ឱន​ចុះ

៤. ទុស្សីលោ  សីលវិបន្នោ  សម្មូឡ្ហោ  កាលំ  ករោតិ  បុគ្គល​ទ្រុស្ដ​សីល វិបត្តិ​ចាក​សីល តែង​វង្វេង​ធ្វើ​មរណកាល

៥. ទុស្សីលោ  សីលវិបន្នោ  កាយស្ស  ភេទា  បរំ  មរណា  អបាយំ  ទុគ្គតឹ  វិនិបាតំ  និរយំ  ឧបបជ្ជតិ  បុគ្គល​ទ្រុស្ដ​សីល វិបត្តិ​ចាក​សីល លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ តែង​ទៅ​កើត​ក្នុង​តិរច្ឆាន ប្រេត អសុរកាយ នរក

( បិដក​លេខ ១៩ ទំព័រ ១៧៧-៧៨ )

អានបន្ត...
0 មតិ

សម្បទា សេចក្ដី​បរិបូណ៌ ៥

    សម្បទា សេចក្ដី​បរិបូណ៌ មាន ៥ យ៉ាង គឺ

១. ញាតិសម្បទា        បរិបូណ៌​ដោយ​ញាតិ

២. ភោគសម្បទា        បរិបូណ៌​ដោយ​ភោគៈ

៣. អារោគ្យសម្បទា     បរិបូណ៌​ដោយ​ភាព​មិន​មាន​រោគ

៤. សីលសម្បទា          បរិបូណ៌​ដោយសីល

៥. ទិដ្ឋិសម្បទា            បរិបូណ៌​ដោយ​ទិដ្ឋិ

    ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ មិន​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​ញាតិ​ក្ដី ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​ភោគៈ​ក្ដី ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​ភាព​មិន​មាន​រោគ​ក្ដី នោះ​ទេ ។

    ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ តែង​បាន​ទៅ​កើត​ក្នុង​សុគតិ​ សួគ៌ ទេវលោក ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​សីល ឬ​ ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​ទិដ្ឋិ ។

( បិដក​លេខ ១៩ ទំព័រ ១៧៦-៧៧ )

អធិប្បាយ

    ពាក្យ​ថា ញាតិសម្បទា ( ការ​បរិបូណ៌​ដោយ​ញាតិ ) បាន​ដល់ ការ​ដល់​ព្រម​ បរិបូណ៌ មាន​ញាតិ​ច្រើន​ ។ សូម្បី​ការ​បរិបូណ៌​ដោយ​ភោគៈ​ជា​ដើម​ក៏​មាន​ន័យ​ដូច​គ្នា​នេះ ។ ការ​ដល់​ព្រម​ដោយ​ភាព​មិន​មាន​រោគ ឈ្មោះ​ថា អារោគ្យសម្បទា ( ការ​បរិបូណ៌​ដោយ​ភាព​មិន​មាន​រោគ ) បាន​ដល់ ភាព​ជា​អ្នក​មិន​មាន​រោគ​អស់​កាល​ជានិច្ច ។ សូម្បី​ក្នុង​ការ​បរិបូណ៌​ដោយ​សីល និង​ទិដ្ឋិ​ជា​ដើម ក៏​មាន​ន័យ​ដូច​គ្នា​នេះ ។ សូម្បី​ក្នុង​ធម៌​ខ​នេះ ការ​បរិបូណ៌​ដោយ​ញាតិ​ជា​ដើម មិន​មែន​ជា​កុសល ទាំង​មិន​ទម្លាយ​លក្ខណៈ ៣ ។ ការ​បរិបូណ៌​ដោយ​សីល និង​ទិដ្ឋិ ជា​កុសល ទាំងមិន​ទម្លាយលក្ខណៈ ៣ ។ ព្រោះ​ហេតុ​នោះ​នុ៎ះ​ឯង លោក​ទើប​ពោល​ពាក្យ​ជា​ដើម​ថា “ម្នាល​អាវុសោ​ទាំង​ឡាយ ព្រោះ​ហេតុ​តែ​បរិបូណ៌​ដោយ​ញាតិ​ក្ដី” ៕

អានបន្ត...
0 មតិ

ព្យសនៈ សេចក្ដី​វិនាស ៥

    ព្យសនៈ សេចក្ដី​វិនាស មាន ៥ យ៉ាង គឺ

១. ញាតិព្យសនៈ      សេចក្ដី​វិនាស​ញាតិ

២. ភោគព្យសនៈ      សេចក្ដី​វិនាស​ភោគសម្បត្តិ

៣. រោគព្យសនៈ       សេចក្ដី​វិនាស​ព្រោះ​រោគ

៤. សីលព្យសនៈ       សេចក្ដី​វិនាស​សីល

៥. ទិដ្ឋិព្យសនៈ         សេចក្ដី​វិនាស​ទិដ្ឋិ

    ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ មិន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្ដី​វិនាស​ញាតិ​ក្ដី ព្រោះ​ហេតុ​តែ​សេចក្ដី​វិនាស​ភោគៈ​ក្ដី ព្រោះ​ហេតុ​តែ​សេចក្ដី​វិនាស​ដោយ​រោគ​ក្ដី ( នោះ​ទេ ) ។

    ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​ បន្ទាប់​អំពី​សេចក្ដី​ស្លាប់​ទៅ ៗ កើត​ក្នុង​អបាយ​ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្ដី​វិនាស​សីល ឬ ព្រោះ​ហេតុ​តែ​សេចក្ដី​វិនាស​ទិដ្ឋិ ។

( បិដក​លេខ ១៩ ទំព័រ ១៧៦ )

អធិប្បាយ

    ពាក្យ​ថា ព្យសនៈ ព្រោះ​អត្ថ​ថា វិនាស ។ អធិប្បាយ​ថា ខូច​ខាត គឺ​កម្ចាត់​បង់​នូវ​ប្រយោជន៍ សេចក្ដី​ចម្រើន និង​សេចក្ដី​សុខ ។ សេចក្ដី​វិនាស​នៃ​ញាតិ ឈ្មោះ​ថា ញាតិព្យសនៈ ។ អធិប្បាយ​ថា បាត់​បង់​សាច់​ញាតិ ព្រោះ​ចោរភ័យ និង​រោគភ័យ​ជា​ដើម ។ សេចក្ដី​វិនាស​នៃ​ភោគៈ ឈ្មោះ​ថា ភោគព្យសនៈ ។ បាន​ដល់ ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ដោយ​អំណាច​ព្រះ​រាជា និង​ចោរ​ជា​ដើម ។ សេចក្ដី​វិនាស​ព្រោះ​រោគ ឈ្មោះ​ថា រោគព្យសនៈ ។ រោគ​រមែង​ទម្លាយ គឺ​ធ្វើ​ឱ្យ​ភាព​មិន​មាន​រោគ​វិនាស​ទៅ ព្រោះ​ហេតុ​នោះ ទើប​ឈ្មោះ​ថា វិនាស ។ សេចក្ដី​វិនាស​សីល ឈ្មោះ​ថា សីលព្យសនៈ ។ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ភាព​ជា​អ្នក​ទ្រុស្ដ​សីល ។ សេចក្ដី​វិនាស​ទិដ្ឋិ ដែល​កើត​ឡើង​ទម្លាយ​សម្មាទិដ្ឋិ ឈ្មោះ​ថា ទិដ្ឋិព្យសនៈ ។ ក៏​ក្នុង​សេចក្ដី​វិនាស​ទាំង​ ៥ យ៉ាង​នេះ សេចក្ដី​វិនាស ៣ យ៉ាង ខាង​ដើម មាន​សេចក្ដី​វិនាស​នៃ​ញាតិ​ជា​ដើម មិន​មែន​ជា​អកុសល ទាំង​មិន​ទម្លាយ​លក្ខណៈ ៣ ទៀត​ផង ។ សេចក្ដី​វិនាស​សីល និង​ទិដ្ឋិ​ទាំង ២ យ៉ាង​ ជា​អកុសល មិន​ទម្លាយ​លក្ខណៈ ៣ ។ ព្រោះ​ហេតុ​នោះនុ៎ះ​ឯង លោក​ទើប​ពោល​ថា “ម្នាល​អាវុសោ​ទាំង​ឡាយ …ព្រោះហេតុ​តែ​សេចក្ដី​វិនាស​ញាតិ​ក្ដី” ៕

អានបន្ត...
0 មតិ

អភព្វដ្ឋាន ហេតុ​ដែល​មិន​គួរ ៥

   អភព្វដ្ឋាន ហេតុ​ដែល​មិន​គួរ ៥ យ៉ាង គឺ

១. អភព្វោ  អាវុសោ  ខីណាសវោ  ភិក្ខុ  សញ្ចិច្ច  បាណំ  ជីវិតា  វោរាបេតុំ  ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ ដើម្បី​ក្លែង​ញ៉ាំង​សត្វ​ឱ្យ​ធ្លាក់​ចុះ​ចាក​ជីវិត

២. អភព្វោ  ខីណាសវោ  ភិក្ខុ  អទិន្នំ  ថេយ្យសង្ខាតំ  អាទាតុំ  ភិក្ខុ​​ជា​ខីណាស្រព​មិន​គួរ ដើម្បីកាន់​យក​ទ្រព្យ​ដែល​គេ​មិន​ឱ្យ​ដោយ​ចំណែក​គឺ​ចិត្ត​លួច

៣. អភព្វោ  ខីណាសវោ  ភិក្ខុ  មេថុនំ  ធម្មំ  បដិសេវិតុំ  ភិក្ខុ​​ជា​ខីណាស្រព​មិន​គួរ ដើម្បី​សេពមេថុនធម្ម

៤. អភព្វោ  ខីណាសវោ  ភិក្ខុ  សម្បជានមុសា  ភាសិតុំ  ភិក្ខុ​​ជា​ខីណាស្រព​មិន​គួរពោល​សម្បជានមុសាវាទ

៥. អភព្វោ  ខីណាសវោ  ភិក្ខុ  សន្និធិការកំ  កាមេ  បរិភុញ្ជិតុំ  សេយ្យថាបិ  បុព្វេ  អាគារិកភូតោ  ភិក្ខុ​​ជា​ខីណាស្រព​មិន​គួរបរិភោគ​នូវ​របស់​ដែល​ខ្លួន​ធ្វើ​សេចក្ដី​សន្សំ​ទុក​ និង​កាម​ទាំង​ឡាយ ដូច​កាល​ខ្លួន​នៅ​ជា​គ្រហស្ថ​ក្នុង​កាល​ពី​ដើម

( បិដក​លេខ ១៩ ទំព័រ ១៧៥-៧៦ )

អធិប្បាយ

     ពាក្យ​ជា​ដើម​ថា អភព្វោ អាវុសោ ខីណាសវោ ភិក្ខុ សញ្ចិច្ច បាណំ ( ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ជា​ខីណាស្រព​មិន​គួរ​ដើម្បី​ក្លែង​ញ៉ាំង​សត្វ​
[ ឱ្យ​ធ្លាក់​ចុះ​ចាក​ជីវិត ] ) ជា​ប្រធាន​នៃ​ទេសនា​ប៉ុណ្ណោះ ។ ទោះ​បី​ជា​ព្រះ​សោតាបន្ន​ជា​ដើម ក៏​មិន​អាច​ក្លែង​សម្លាប់​សត្វ ។ លោក​ពោល​ទុក​យ៉ាង​នេះ ដើម្បី​តិះ​ដៀល​បុថុជ្ជន លើក​តម្កើង​ព្រះ​ខីណាស្រព ។ ព្រោះ​បុថុជ្ជន​ជា​មនុស្ស​ថោក​ទាប រមែង​ធ្វើ​ការ​សម្លាប់​មាតា​ក៏​បាន ។ ចំណែក​ព្រះ​ខីណាស្រព ជា​មនុស្ស​ខ្ពង់​ខ្ពស់ មិន​សម្លាប់​សូម្បី​តែ​ស្រមោច​ខ្មៅ ស្រមោច​ក្រហម​ជា​ដើម ៕

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ